ប្រវត្តិមន្ទីរពេទ្យ

  

មន្ទីរពេទ្យកុមារជាតិ

______________________________________________________________

     សព្វថ្ងៃនេះ បានសាងសង់ដំបូងនៅឆ្នាំ១៩៧៤ ក្រោមការឧបត្ថម្ភរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ មានលោកបណ្ឌិត ស្ដែន ម៉ូនីហាម ជាតំណាង។ មានអគារផ្ទាល់ដីមួយខ្នងប្រក់សង្ក័សី មានរាងជាអក្សរឡាតាំងអិល (L) គឺ (ស្លាបខាងកើតមានបណ្ដោយ ៦០មនឹង ទទឹង ១៣ម ចំណែកឯស្លាបខាង លិចមាន បណ្ដោយ ៥៧ម និង ទទឹង១៣ម)។ ជាអកុសល  មិនទាន់បានដំណើររការផង  ពេលនោះ កងទ័ពខ្មែរក្រហម  បានចូលមកកាន់កាប់ ទីក្រុងភ្នំពេញទាំងមូល ដូចនេះអគារពេទ្យនេះមិនបានដំណើរការឡើយ។


     ក្រោយពីថ្ងៃ៧  ខែមករា  ឆ្នាំ១៩៧៩  បានរយៈពេលមួយឆ្នាំ  មន្ទីរពេទ្យត្រូវ  បានជួលជុលរៀបចំជាសារថ្មីឡើងវិញក្រោមការឧបត្ថម្ភពី អង្គការទស្សនៈពិភពលោកអន្តរជាតិដដែលដោយមាន:


1. កិច្ចព្រមព្រៀង ជាមួយនឹងប្រទេសកម្ពុជា និងបានដាក់សម្ភោធឱ្យដំណើរការពិនិត្យថែទាំ  និងព្យាបាលជំងឺកុមារទូទៅនៅថ្ងៃទី១៥  ខែតុលា  ឆ្នាំ១៩៨០ 

2. ក្រោមការគ្រប់គ្រងរួម របស់ក្រសួងសុខាភិបាល និងជួយឧបត្ថម្ភពី អង្គការទស្សនៈពិភពលោកអន្តរជាតិ។ មន្ទីរពេទ្យនេះ បានប្រសិទ្ធនាមថា “ មន្ទីរពេទ្យកុមារមជ្ឈឹម” ។ ពេលនោះមានគ្រូពេទ្យតែមួយរូបគត់ គឺលោក វេជ្ជបណ្ឌិត  ហូ ប៊ុនហ៊ន   ដែលត្រូវបានតែងតាំង  ជាប្រធានមន្ទីរពេទ្យ នេះជាលើដំបូងបំផុត។  

3. ជាមួយគ្នានេះដែលបានធ្វើការសហការរួមគ្នា  ជាមួយក្រុមបេសកកម្ម  របស់អង្គការទស្សនៈពិភពលោក មានចំនួន៤រូប គឺ វេជ្ជបណ្ឌិត ២រូប អ្នកបច្ចេកទេសមន្ទីរពិសោធន៍១រូប និងគិលានុបដ្ឋាយិកា​១រូប។


     ស្របពេលជាមួយនេះដែរមន្ទីរពេទ្យមានគិលានុបដ្ឋាក និងបុគ្គលិករដ្ឋបាលសរុបទាំងអស់ចំនួន៥៤រូប សម្រាប់បំពេញការងារក្នុងមន្ទីរពេទ្យកុមារ មជ្ឈឹមដែលមានគ្រែអ្នកជំងឺ ចំនួន៧៥គ្រែ។ មកដល់ឆ្នាំ១៩៨៣ កុមារកម្ពុជាទូទាំងប្រទេសបានប្រឈមមុខនឹងការរាតត្បាជាមួយជំងឺគ្រុនឈាមដ៏កាចសាហាវ  មិនធ្លាប់ជួបប្រទះ ។ មន្ទីរពេទ្យបានទប់ទល់ និងជួយសង្គ្រោះជីវិតកុមារជា ច្រើនពាន់នាក់ក្នុងកាលៈទេសៈក្រោយសង្គា្រមដ៏លំបាកមួយនេះ។


-ឆ្នាំ១៩៩១ មន្ទីរពេទ្យកុមារមជ្ឈឹម បានដូរឈ្មោះមក មន្ទីរពេទ្យកុមារជាតិ វិញ។ មន្ទីរពេទ្យនេះជាមន្ទីរពេទ្យកុមារថ្នាក់ជាតិតែមួយមុនដំបូងគេបំផុតនៅក្នុងប្រទេសកម្ពុជា។

-ឆ្នាំ២០០០ ជំនួយរបស់ អង្គការទស្សនៈពិភពលោកអន្តរជាតិ ត្រូវបានបញ្ចប់ហើយមន្ទីរពេទ្យគឺនៅក្រោមគ្រប់គ្រងរបស់ក្រសួងសុខាភិបាល។

-ឆ្នាំ២០១១ មន្ទីរពេទ្យកុមារជាតិ បានទទួលការអនុញ្ញាត ពីរាជរដ្ឋាភិបាលឱ្យ ប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល រហូតមកដល់បច្ចុប្បន្ន។