Oct 19, 24
សន្និសីទវេជ្ជសាស្ត្រទារក និងកុមារលើកទី៨ «ចូលរួមទាំងអស់គ្នា ដើម្បីលើកកម្ពស់សុខុមាលភាពទារកនិងកុមារ»
ចុះផ្សាយថ្ងៃ : Oct 13, 2626
មន្ទីរពេទ្យកុមារជាតិ សន្និសីទវេជ្ជសាស្ត្រទារក និងកុមារលើកទី៨ «ចូលរួមទាំងអស់គ្នា ដើម្បីលើកកម្ពស់សុខុមាលភាពទារកនិងកុមារ» The 8th Neonatal and Pediatric Conference “Be together for Advancing Neonatal and Pediatric Wellness”
មន្ទីរពេទ្យកុមារជាតិ
សន្និសីទវេជ្ជសាស្ត្រទារក និងកុមារលើកទី៨ «ចូលរួមទាំងអស់គ្នា ដើម្បីលើកកម្ពស់សុខុមាលភាពទារកនិងកុមារ»
The 8th Neonatal and Pediatric Conference “Be together for Advancing Neonatal and Pediatric Wellness”
=========
ថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ដោយបានទទួលការគាំទ្រពីក្រសួងសុខាភិបាល មន្ទីរពេទ្យកុមារជាតិ សហការជាមួយដៃគូរអភិវឌ្ឍ បានរៀបចំសន្និសីទវេជ្ជសាស្ត្រទារក និងកុមារលើកទី៨ ក្រោមប្រធានបទ«ចូលរួមទាំងអស់គ្នា ដើម្បីលើកកម្ពស់សុខុមាលភាពទារកនិងកុមារ» នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលញំាងឲ្យពិធីនេះប្រព្រឹត្តទៅយ៉ាងអធឹកអធមនិងមានកិត្តិយសក្រៃលែង។
សន្និសីទនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត បង្អែកស្រុក និងមន្ទីរពេទ្យឯកជន រួមជាមួយមន្ត្រីពាក់ព័ន្ធក្នុងជំនាញថែទាំព្យាបាលទារក និងកុមារ ទាំងស្ថាប័នរដ្ឋ និងឯកជនព្រមទាំងអង្គការដៃគូ ប្រមាណ២៥០រូប។
ក្នុងឱកាសនៃពិធីបើកសន្និសីទ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកទឹកចិត្តនិងណែនាំដល់ក្រុមគ្រូពេទ្យត្រូវមានវប្បធម៌ចែករំលែកដល់សហភាតរៈ ជាក្រុមការងារ ជាអ្នករួមវិជ្ជាជីវៈ ដើម្បីវឌ្ឍនភាពនៅលើទំព័របច្ចុប្បន្នភាពជាមួយគ្នា ដើម្បីផលប្រយោជន៍ និងសុវត្ថិភាពអ្នកជំងឺ។ ឯកឧត្តមសាស្ត្រាចារ្យបានផ្តល់អនុសាសន៍ដល់មន្ទីរពេទ្យកុមារជាតិឲ្យបន្តចែករំលែកចំណេះដឹងជំនាញដល់សហភាតរៈដើម្បីបង្កើនសមត្ថភាពនិងភាពឆ្នើមទាំងអស់គ្នា។ ឯកឧត្តមសាស្ត្រាចារ្យបានបញ្ជាក់ថា៖ ក្រុមគ្រួសារអ្នកជំងឺ និងអ្នកជំងឺរំពឹងថា ពួកគាត់នឹងទទួលបានការជួយសង្គ្រោះ ការថែទាំព្យាបាលដោយសុវត្ថិភាព ពីក្រុមគ្រូពេទ្យដែលមានជំនាញ មិនមែនពីបុគ្គលឆ្នើមតែម្នាក់ ដូច្នេះសូមបន្តការចែករំលែកចំណេះដឹង ជំនាញនិងបទពិសោធន៏ដល់សហភាតរៈដើម្បីឲ្យឆ្នើមទាំងអស់គ្នា។ ភាពឆ្នើមត្រូវផ្តើមចេញពីវប្បធម៌រំលែកទាំងចំណេះជំនាញ និងបទពិសោធន៍ដល់សហភាតរៈ។
ឯកឧត្តមវេជ្ជបណ្ឌិតញឹប អង្គាបុស្ស ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យកុមារជាតិបានបង្ហាញជូនឯកឧត្តមរដ្ឋមន្ត្រី គណៈអធិបតីនិងអង្គពិធីទាំងមូលអំពីគោលបំណងរួមនៃសន្និសីទគឺ ផ្តោតសំខាន់លើការ ចែករំលែកបទពិសោធន៍នៃការអនុវត្តផ្ទាល់ ព្រមទាំងបំផុសនូវគំនិតដោះស្រាយបញ្ហាដែលធ្លាប់បានជួបទាំងអស់គ្នា ព្រមទាំងរិតចំណងសាមគ្គីភាពយ៉ាងទូលាយ ក្នុងទិសដៅចូលរួមជាមួយគ្នាគ្រប់កម្រិត ដើម្បីផ្តល់ជូនកាន់តែប្រសើរ កាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់សម្រាប់សេវាថែទាំព្យាបាលសុខភាពមាតា ទារកនិងកុមារ ដែលជាផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងជាខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល។ ឯកឧត្តមវេជ្ជបណ្ឌិតញឹប អង្គាបុស្ស បានប្តេជ្ញាថា មន្ទីរពេទ្យកុមារជាតិនឹងបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសេវាមន្ទីរពេទ្យ ពង្រឹងសមត្ថភាពមន្ត្រី និងបន្តវប្បធម៌ចែករំលែកដល់សហភាតរៈគ្រប់បណ្តាខេត្ត និងឯកជន ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាលឲ្យកាន់តែប្រសើរស្របតាមតម្រូវការរបស់ប្រជាជន។
ឯកឧត្តមវេជ្ជបណ្ឌិតញឹប អង្គាបុស្ស តំណាងឲ្យថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីទាំងអស់នៃមន្ទីរពេទ្យកុមាជាតិ បានសំដែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ថ្លៃថ្លាឧត្តម របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តម លោកជំទាវ គណអធិបតី និងក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យកុមារជាតិ ព្រមទាំងការអញ្ជើញចូលរួមរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន និង តំណាងស្ថាប័នទាំងអស់ និងមន្ត្រី ពីគ្រប់អង្គភាពដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមសន្និសីទវេជ្ជសាស្ត្រទារក និងកុមារលើកទី៨នេះ។ ឯកឧត្តមនាយកសូមគោរពថ្លែងអំណរគុណដល់ដៃគូរសហការទាំងអស់ដែលបានឧបត្ថម្ភគាំទ្រក្នុងសកម្មភាពនិងបេសកកម្មរបស់មន្ទីរពេទ្យកុមារជាតិក្នុងការផ្តល់ជូនសេវាថែទាំព្យាបាលកាន់តែប្រសើរ
KH
EN