May 12, 23
ពិធីបើកសន្និបាតវឌ្ឍនៈភាព និង សមិទ្ឋផលប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅឆ្នាំ ២០២៥
ចុះផ្សាយថ្ងៃ : Apr 04, 2525
ពិធីបើកសន្និបាតវឌ្ឍនៈភាព និង សមិទ្ឋផលប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅឆ្នាំ ២០២៥
ពិធីបើកសន្និបាតវឌ្ឍនៈភាព និង សមិទ្ឋផលប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅឆ្នាំ ២០២៥
=====
មន្ទីរពេទ្យកុមារជាតិ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ មានពិធីបើកសន្និបាតវឌ្ឍនៈភាព និង សមិទ្ឋផលប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅឆ្នាំ ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល។ ឯកឧត្ដមវេជ្ជ.ញឹប អង្គាបុស្សនាយកមន្ទីរពេទ្យកុមារជាតិ បានធ្វើសេចក្តីរាយការណ៏ជូនឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីមានដូចជា៖ ចំនួនកុមារដែលបានមកសម្រាកព្យាបាល និងពិគ្រោះព្យាបាលនៅក្នុងមន្ទីរពេទ្យរួមមាន:ការប្រើប្រាស់ប័ណ្ណប.ស.ស ការប្រើមូលនិធិសមធម៌ ការលើកលែងបង់ថ្លៃដោយមន្ទីរពេទ្យ ការបង់ថ្លៃដោយខ្លួនឯង ការសម្រាកពេទ្យ និង ចំនួនគ្រែសរុប ការបញ្ជូនបុគ្គលិកទៅសិក្សាជំនាញបន្ថែម (បារាំង កូរ៉េ សាធារណរដ្ឋប្រជាមានិតចិន សាធារណៈរដ្ឋឆេក) និងមានការជួយពីដៃគូរអភិវឌ្ឍន៏ផ្សេងៗរួមមាន: KOICA,KOFHI, Rotary club, Church ព្រមទាំងមានការទទួលឧបត្ថម្ភនូវសម្ភារៈវេជ្ជសាស្រ្តជូនដល់មន្ទីរពេទ្យផងដែរ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលក៏បានសំដែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងកម្លាំងចិត្ត នាំមកនូវស្នាដៃជូនមន្ទីរពេទ្យ ដែលមានការប្រែប្រួលថ្មីៗជាច្រើន ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារទំនើប ការកសាងសមត្ថភាពមន្រ្តី ឱ្យកាន់តែសមត្ថភាពខ្ពស់ ស្របទៅតាមបទដ្ឋានវិទ្យាសាស្រ្ត និងស្តង់ដាជាតិ ប្រកបដោយនវានុវត្តន៍ ក្នុងការជួយធ្វើរោគវិនិច្ឆ័យឱ្យបានរហ័ស និងសុក្រឹតភាព ដើម្បីបេសកកម្មក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនជាពិសេសកុមារកម្ពុជា។ បន្ថែមពីនេះទៅទៀតឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលនៃមន្ទីរពេទ្យទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ លើការងារកសាងសមត្ថភាព ទាំងជំនាញវេជ្ជសាស្ត្រ និងភាពជាអ្នកដឹកនាំ តាមរយៈការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍គ្នា និងការធ្វើនវានុវត្តន៍បច្ចេកវិទ្យា សំដៅប្រសិទ្ធភាពការងារ និងភាពឆាប់រហ័សលើអន្តរាគមន៍ ព្រមទាំងពង្រឹងលើក្រមសីលធម៌វិជ្ជាជីវៈ ដែលជាគោលការណ៍គ្រឹះលើជំនឿជឿជាក់ ក្នុងការបំពេញភារកិច្ច ដោយការតាំងចិត្តជាមួយឆន្ទៈខ្ពស់ និងសេចក្តីអាណិតស្រឡាញ់ចំពោះកុមារ ផ្សារភ្ជាប់ជាមួយក្រុមគ្រួសារអ្នកជំងឺ។ ឯកឧត្តមសាស្រ្តាចារ្យក៏បានផ្តល់ធាតុចូល និងសារគន្លឹះមានជាអាទិ៏៖
១-ពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ របស់មន្ទីរពេទ្យដោយកែលំអរអគារ និងបរិស្ថានជុំវិញមន្ទីរពេទ្យឱ្យកាន់តែប្រសើរ
២-លើកកម្ពស់ និងបណ្តុះបណ្តាល សមត្ថភាពទំងក្នុង និងក្រៅប្រទេសបន្ថែមទៀតដល់មន្ត្រី បុគ្គលិកមន្ទីរពេទ្យជាពិសេសត្រូវពិនិត្យលើអ្នកដែលត្រូវជួយអ្នកខ្វះខាត ឱ្យសមស្របទៅតាមកម្រិតស្តង់ដាជាតិ និងអន្តរជាតិ
៣-ពង្រឹងការគ្រប់គ្រង និងការបំពាក់បន្ថែមសម្ភារៈបរិក្ខារ ឱសថ ឱ្យកាន់តែទំនើប ឆ្លើយតបទៅតាមបច្ចេកវិទ្យាឌីជីថលសម័យថ្មី
៤-យកចិត្តទុកដាក់ឱ្យបានខ្ពស់លើការគ្រប់គ្រង ក្នុងការផ្តល់សេវាជូនដល់ប្រជាជន និងកុមារឱ្យកាន់តែប្រសើរឡើង។
៥-ពង្រឹងការសាមគ្គីភាព វិន័យក្នុងពេលបំពេញការងារ និងប្រចាំការ ក្នុងការផ្តល់សេវា ២៤ម៉ោងលើ ២៤ ម៉ោង និង៧ថ្ងៃ/សប្តាហ៍។
៦-ពង្រឹងលើការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ និងប្រព័ន្ធទំនាក់ទំនងជាមួយក្រុមគ្រួសារអ្នកជំងឺ នឹងពង្រឹងលើការទទួលបដិសណ្ឋារកិច្ច និងការយកចិត្តទុកដាក់ផ្តល់សេវាថែទាំដល់អ្នកជំងឺ។
៧-ពង្រឹងប្រព័ន្ធព័ត៌មាន តាមដាន និងវាយតម្លៃឱ្យបានជាប្រចាំក្នុងមន្ទីរពេទ្យ។
ក្នុងពិធីនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីចូលនិវត្តន៍ នៃមន្ទីរពេទ្យកុមារជាតិ សរុបចំនួន ២០៤នាក់ ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ដែលមានស្នាដៃ និងលះបង់ក្នុងការបំពេញការងារកន្លងមក។