Oct 28, 26
ន្ទីរពេទ្យកុមារ...
ន្ទីរពេទ្យកុមារជាតិ: បេសកកម្មវ...
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យកុមារជាតិ ដោយមិនជូនដំណឹងជាមុន
========
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យស្ថានភាពជាក់ស្តែងការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យកុមារជាតិ ដោយមិនជូនដំណឹងជាមុន ដោយចុះពិនិត្យការផ្តល់សេវាផ្នែកសម្ភព ផ្នែកពិនិត្យជំងឺក្រៅ ការទទួលបដិសណ្ឋារកិច្ច កន្លែងចាក់វ៉ាក់សាំង និងផ្នែកអាហារូបត្ថម្ភ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចូលរួមស្តាប់ការប្រជុំបច្ចេកទេសពេលព្រឹករបស់មន្ទីរពេទ្យកុមារជាតិ និងបានផ្តល់ការណែនាំចំណុចសំខាន់ដូចជា: ទម្រង់នៃការប្រជុំ ការដឹកនាំការប្រជុំ ដោយត្រូវមានរបាយការណ៍ដោយខ្លី សង្ខេប ចំគោលដៅ និងមានទិន្នន័យតួលេខច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការតាមដាន និងវាយតម្លៃ ជាពិសេសពិនិត្យលើរបាយការណ៍ស្ថិតិជំងឺ។ មន្ទីរពេទ្យត្រូវមានការប្រជុំឱ្យបានទៀងទាត់ ពិនិត្យការគ្រប់គ្រង និងតាមដានការអនុវត្តពិធីសារព្យាបាលឱ្យបានត្រឹមត្រូវ និងបទដ្ឋានបច្ចេកទេសព្យាបាលសមស្រប។ បន្ថែមពីនេះ ការពិភាក្សាករណីជំងឺធ្ងន់ៗ និងស្មុគស្មាញរួមមាន:ការផ្លាស់ប្តូរយោបល់រវាងគ្រូពេទ្យជំនាញ ដើម្បីស្វែងរកដំណោះស្រាយ វិធីសាស្ត្រព្យាបាលជាក់ស្តែង និងលើកកម្ពស់សុវត្ថិភាពអ្នកជំងឺជាចម្បង។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់នៃ មន្ទីរពេទ្យកុមារជាតិ ដែលបានបំពេញភារកិច្ច និងតួនាទីយ៉ាងសកម្មក្នុងការព្យាបាល ថែទាំ និងលើកកម្ពស់សុខុមាលភាពមាតា ទារក កុមារឱ្យកាន់ប្រសើរឡើងព្រមទាំងបន្តខិតខំប្រឹងប្រែងក្នុងបម្រើសេវាសុខាភិបាលប្រកបដោយការយកចិត្តទុកដាក់ ក្រមសីលធម៌ និងពង្រឹងគុណភាពសេវាថែទាំ និងព្យាបាល ប្រកបដោយ គុណភាព សុវត្ថិភាព និងសមធម៌៕