មន្ទីរពេទ្យកុមារជាតិ: ពិធីបើកដំណើរការគម្រោងវះកាត់បេះដូងកុមារ

ចុះផ្សាយថ្ងៃ : Feb 09, 2626

មន្ទីរពេទ្យកុមារជាតិ: ពិធីបើកដំណើរការគម្រោងវះកាត់បេះដូងកុមារ

ថ្ងៃអាទិត្យ ៦រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការ គម្រោងវះកាត់បេះដូងកុមារនៅមន្ទីរពេទ្យកុមារជាតិ ដែលគម្រោងនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិ និង សមាគមសុខាភិបាលខ្មែរនៅអាមេរិក(CHPAA) ក្នុងគោលបំណងជួយព្យាបាលដល់ កុមារទាំងឡាយដែលមានជំងឺបេះដូងពីកំណើត តាមរយៈព្យាបាលវះកាត់ដោយមិនគិតថ្លៃ ដើម្បី ផ្តល់មកវិញនូវសុខុមាលភាព និងជីវិតដ៏ត្រចះត្រចង់។ គម្រោងនេះ ក៏ជួយ បណ្តុះបណ្តាលបន្ថែមតាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងវេជ្ជបណ្ឌិតកម្ពុជា និងវេជ្ជបណ្ឌិតអាមេរិក ការជួយទ្រទ្រង់ផ្នែកឧបករណ៍បច្ចេកទេសវះកាត់ និងការជួយគាំទ្រផ្នែកស្មារតីគ្នាជាដើម។


ថ្លែងក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត បាន មានប្រសាសន៍អបអរសាទរប្រកបដោយ មោទកភាពចំពោះគម្រោងថ្មីដែលមន្ទីរពេទ្យ ទទួលបាន និងសូមលើកទឹកចិត្តដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាក និងបុគ្គលិកទាំងអស់ឱ្យខិតខំ ព្យាយាមពង្រឹងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើកិច្ចការជួយសង្គ្រោះអាយុជីវិត កុមារកម្ពុជា។ លោកជំទាវបណ្ឌិត ថែមទាំង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការ លះបង់កម្លាំងកាយចិត្តរបស់បុគ្គលិកមន្ទីរពេទ្យទាំងអស់ ដែលបានផ្តល់នូវអនាគត និងសុខុមាលភាពដល់ កុមារកម្ពុជាគ្រប់ៗរូប ដែលជាទំពាំងស្នងឬស្សី របស់ជាតិ ប្រកបដោយភាពរលូន និងទទួលបានជោគជ័យជាលំដាប់។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីបើកដំណើរការព្រមទាំងឯកឧត្តមសាស្រ្តាចារ្យ និង លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាលនៅមន្ទីរពេទ្យកុមារជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ពេជ ចន្ទមុន្នី ហ៊ុនម៉ណែត ប្រកបដោយមោទកភាពយ៉ាងជ្រាលជ្រៅ។ ក្នុងកម្មវិធីវះកាត់បេះដូងកុមារនេះ ត្រូវបានអនុវត្តក្នុងភាពជាដៃគូរវាង មន្ទីរពេទ្យកុមារជាតិ និងសមាគម សុខាភិបាលខ្មែរនៅអាមេរិក(Cambodian Health Professionals Association of America (CHPAA) ដោយមានការចូលរួមសហការពីក្រុមគ្រូពេទ្យឯកទេសវះកាត់បេះដូងកុមារមកពីសហរដ្ឋអាមេរិក និងក្រុមគ្រូពេទ្យកម្ពុជា។ ឯកឧត្តមវេជ្ជ.ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានធ្វើសេចក្តីរាយការណ៏ថាៈ នៅឆ្នាំ ១៩៧៤មន្ទីរពេទ្យបានបង្កើតឡើង និងបើកដំណើរការឡើងវិញ ក្រោយរបបខ្មែរក្រហមនៅឆ្នាំ១៩៨០ និងបន្តរីកលូតលាស់ អភិវឌ្ឍជាលំដាប់រហូតដល់ក្លាយជា មន្ទីរពេទ្យស្តង់ដារដូចសព្វថ្ងៃនេះ ក្រោម ការដឹកនាំ ជ្រោមជ្រោមដ៏ឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាៃនព្រះរាជាណាចក្រកម្ពុជា។ បច្ទុប្បន្ននេះមន្ទីរពេទ្យមាន ២១ផ្នែក មានគ្រែចំនួន ៤០០គ្រែ និងបានទទួលពិគ្រោះជំងឺក្រៅបានចំនួន ២៤៤ ៧៥២ករណី និងសម្រាកព្យាបាលចំនួន ៣៥ ៣៨៧ករណី (ឆ្នាំ២០២៥) ហើយមន្ទីរពេទ្យកុមារជាតិនឹងបន្តអនុវត្ត ផែនការ២០២៥ – ២០៣៥ ដើម្បីក្លាយជាមន្ទីរពេទ្យកុមារដែលមានគ្រប់ឯកទេសធានាបានការផ្តល់សេវាសុខាភិបាល ដល់កុមារប្រកបដោយប្រសិទ្ធិភាពនិងសុវត្តិភាព៕