មន្ទីរពេទ្យកុមារជាតិ: លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញពិនិត្យវឌ្ឍនភាពគម្រោងវះកាត់បេះដូងកុមារ

ចុះផ្សាយថ្ងៃ : Feb 17, 2626

មន្ទីរពេទ្យកុមារជាតិ: លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញពិនិត្យវឌ្ឍនភាពគម្រោងវះកាត់បេះដូងកុមារ

មន្ទីរពេទ្យកុមារជាតិ: លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញពិនិត្យវឌ្ឍនភាពគម្រោងវះកាត់បេះដូងកុមារ

======

ថ្ងៃព្រហស្បតិ៏ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញពិនិត្យវឌ្ឍនភាពគម្រោងវះត់បេះដូងកុមារដែលជាកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិ និងសមាគមសុខាភិបាលខ្មែរនៅ អាមេរិក (CHPAA) ។ គម្រោងដ៏ វិសេសវិសាលនេះ ត្រូវបានបង្កើតឡើង និង អនុវត្តក្នុងគោលបំណងជួយព្យាបាលដល់កុមារ ទាំងឡាយដែលមានជំងឺបេះដូងពីកំណើត រួម ទាំងជំងឺបេះដូងផ្សេងៗ តាមរយៈព្យាបាលវះកាត់ ដោយមិនគិតថ្លៃ ដើម្បីផ្តល់មកវិញនូវ សុខុមាលភាព និងជិវិតដ៏ត្រចះត្រចង់ ដល់កុមារ កម្ពុជា។ឆ្លៀតក្នុងវេលានេះ លោកជំទាវបណ្ឌិត បាន អញ្ជើញសួរសុខទុក្ខកុមារដែលកំពុងសម្រាកព្យាបាលជំងឺ ដោយ លោកជំទាវបណ្ឌិត បានភ្ជាប់មកមួយប្រសាសន៍សួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផងដែរ។ លោកជំទាវបណ្ឌិត ថែមទាំងបានជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ គិលានុបដ្ឋាក បុគ្គលិកមន្ទីរពេទ្យ រួមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមសុខាភិបាលខ្មែរនៅអាមេរិក(CHPAA)ផងដែរ។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ពិនិត្យវឌ្ឍនភាពគម្រោងវះកាត់បេះដូងកុមារ នៅមន្ទីរពេទ្យកុមារជាតិដែលជាកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិ និងសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)។ឯកឧត្តមសាស្រ្តាចារ្យ ក៏បានមានប្រសាសន៏ថាៈគម្រោងដ៏វិសេសវិសាលនេះ ត្រូវបានបង្កើតឡើង និងអនុវត្តក្នុង គោលបំណងជួយព្យាបាលដល់កុមារទាំងឡាយដែលមានជំងឺបេះដូងពីកំណើត រួមទាំងជំងឺបេះដូងផ្សេងៗ ហើយគម្រោងនេះ ក៏ជួយបណ្តុះបណ្តាលបន្ថែមតាមរយៈការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមករវាងវេជ្ជបណ្ឌិតកម្ពុជា និងវេជ្ជបណ្ឌិតអាមេរិក ការជួយទ្រទ្រង់ផ្នែកឧបករណ៍បច្ចេកទេសវះកាត់និងការជួយគាំទ្រផ្នែកស្មារតីគ្នាជាដើម៕