មន្ទីរពេទ្យកុមារជាតិបានបញ្ជូនក្រុមគ្រូពេទ្យ ចុះជួយពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ និងវីរកងទ័ពរងរបួស ដែលកំពុងសម្រាកព្យាបាលមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា ខេត្តព្រះវិហារ។

——

ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែស្រាពណ៍ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីបានទទួលគោលការណ៍ណែនាំពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានបញ្ជូនក្រុមគ្រូពេទ្យឯកទេស ផ្នែកវះកាត់ ផ្នែកថ្នាំសណ្តំ ផ្នែក ICU និងសង្រ្គោះបន្ទាន់ ផ្នែកជំងឺគ្រុនឈាម និងជំងឺទូទៅកុមារ នៃមន្ទីរពេទ្យកុមារជាតិ សរុបចំនួន ១៣ នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងវីរកងទ័ពរងរបួស ដែលកំពុងសម្រាកព្យាបាលមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា ខេត្តព្រះវិហារ ។ 

ការចុះជួយពិនិត្យ និងព្យាបាលនេះក៏មានការចុះជាមួយគ្នា មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈ  មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យជាតិ តេជោសន្តិភាព បានសហការគ្នាជួយគាំទ្រក្នុងការពិនិត្យព្យាបាលដល់វីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល នៅមូលដ្ឋានសុខាភិបាល នៃខេត្តព្រះវិហារ។

ក្រោយពីបញ្ចប់កិច្ចប្រជុំជាមួយប្រធានមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា រួចមក ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ និងថ្នាក់ដឹកនាំទាំងអស់ បានចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូនវីរកងទ័ពរងរបួសចំនួន ១១០ នាក់ដែលកំពុងសម្រាកព្យាបាលក្នុងម្នាក់ៗចំនួន ១០ម៉ឺនរៀល និង ជូនប្រជាពលរដ្ឋចំនួន ១៤៥នាក់ ដែលកំពុងសម្រាកព្យាបាលក្នុងម្នាក់ៗចំនួន៥ម៉ឺនរៀលនៅមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា និងឧបត្ថម្ភថវិកាចំនួន ៥០០ ដុល្លា ជូនដល់ពេទ្យបង្អែកខេត្ត ១៦មករា សម្រាប់ប្រើប្រាស់តាមការចាំបាច់ ។